ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមខួបអនុស្សាវរីយ៍ លើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

09 11 2017

នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានដឹក នាំ មន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៦៤ នៃទិវា បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (១៩៥៣ - ២០១៧) និងទិវាកំណើត នៃកងយុទ្ធពលខេមរភូមិន្ទ ដែលបាន រៀបចំ ឡើងនៅស្តូបវិមានឯករាជ្យ ក្រោមព្រះរាជអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ទិវាបុណ្យឯករាជ្យជាតិ ត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ ដើម្បីបង្ហាញមហាកម្លាំងសាមគ្គីជាតិ និងរំលឹកដល់ស្នា ព្រះហស្ថ នៃ អង្គព្រះមហាវីរក្សត្រ ដ៏ឆ្នើមរបស់កម្ពុជា គឺព្រះកុរណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងជាព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលព្រះអង្គបានលះបង់ ព្រះកាយពល និងព្រះបញ្ញាញាណ ធ្វើការតស៊ូ ក្នុង ក្របខណ្ ឌព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យខ្មែរ ពីអាណានិគមនិយមបារាំង រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕

សម្រាប់ទិវាបុណ្យ ឯករាជ្យជាតិឆ្នាំនេះ ក៏មានការចូលរួម ពីសម្តេចព្រះមហាសង្ឃរាជ និងមន្ត្រីសង្ឃជាន់ខ្ពស់ទាំងពីរគណៈ ថ្នាក់ ដឹកនាំកំពូលជាតិ និងមន្ត្រីរាជការគ្រប់ស្ថាប័ន កងកម្លាំង ប្រដាប់អាវុធ អ្នកការទូត លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិត ព្រមទាំង ប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ ប្រមាណជាង ២ម៉ឺននាក់។ ទិវាប្រវត្តិសាស្ត្រដ៏មហោឡារឹកនេះ នឹងត្រូវប្រារព្ធឡើង ក្នុងរយៈពេល បីថ្ងៃ និងមានពិធីតូចៗជាច្រើនដូចជា៖ ពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខណ បុព្វការីជន និងវីរជនស្នេហាជាតិ ពិធីប្រទាន ភ្លើង ជ័យ ពិធីបង្ហោះប៉េងប៉ោង និងពិធីលែងព្រាបស ដើម្បីជានិមិត្តរូប នៃការសុំសុខសន្តិភាព និងការអុជកាំជ្រួច នៅមុខព្រះ បរមរាជវាំង នាពេលរាត្រី។

ដោយឡែក នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ដែលថ្ងៃចុងក្រោយនៃទិវាបុណ្យឯករាជ្យជាតិ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់នឹងយាងដឹកនាំ មន្ត្រីកំពូល នៃរាជរដ្ឋាភិបាល និងមន្ត្រីរាជការគ្រប់ស្ថាប័ន ព្រមទាំង មហាជន ធ្វើពិធីពន្លត់ភ្លើងជ័យ អមដោយការអុជកាំជ្រួច នៅក្នុងពេលរាត្រី៕