សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកូនក្មួយកម្មករជាង ១ម៉ឺននាក់នៅរោងចក្រតំបន់ចំការដូង

08 11 2017

នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករកម្មការនី ១៥,១៦៧ នាក់ មកពីរោងចក្រ ចំនួន២០ នៅតំបន់ ចំការដូង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយ ជាខ្លាំងដែលបាន អញ្ជើញមក ជួបជុំជាមួយបងប្អូន កូនក្មួយ កម្មករកម្មការនី ក្នុងការចុះជួបសំណេះសំណាលនេះ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករ និង ដើម្បី ដោះស្រាយបញ្ហាប្រឈមនានាមួយចំនួនរបស់កម្មករ និងជំរុញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចាប់ពីសប្តាហ៍នេះតទៅ សម្តេច តេជោ នឹងយក១ថ្ងៃទៀត ដើម្បីចុះជួបកម្មករកម្មការនី នៅតាមរោងចក្រ ។ ចាប់ពីសប្តាហ៍ក្រោយទៅ សម្តេចតេជោ នឹងជ្រើស រើស ថ្ងៃអង្គារ៍ ឬថ្ងៃសុក្រ ដើម្បីអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករដោយផ្ទាល់ នៅតាមរោងចក្រ បន្ថែមទៅនឹង កម្មវិធីចុះជួបប្រចាំសប្តាហ៍ដែលធ្វើនៅរៀងរាល់ថ្ងៃពុធ និងអាទិត្យ។ នៅក្នុងឱកាសនេះដែល សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវការ សប្បាយរីករាយ ជាមួយថ្ងៃឈប់សំរាក របស់បងប្អូនកម្មករកម្មការនី និងមន្ត្រីរាជការ ក្នុងឱកាសពិធីបុណ្យ អុំទូករយៈពេល ៣ថ្ងៃកន្លងមកថ្មីៗ នេះដោយសារប្រទេសជាតិមានសុខសន្តិភាព។

កត្តាសំខាន់ៗ៤ ដែលធ្វើអោយយើងទទួលបាននូវភាពសប្បាយរីករាយ ក្នុងឱកាសបុណ្យទានកន្លងមកគឺ: ១)កត្តាសន្តិភាព បានធ្វើអោយប្រទេសជាតិ មានការអភិវឌ្ឍ និងធ្វើអោយពលរដ្ឋរស់នៅសុខសប្បាយ។ ២) កត្តាហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ គ្រប់គ្រាន់ ដូចជាផ្លូវ ស្ពាន គ្រប់ទីកន្លែង ដែលបានបម្រើប្រជាពលរដ្ឋទូទាំងប្រទេស។ ជាពិសេស ក្នុងពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានទិញផ្លូវ និងស្ពានមួយចំនួន ពីក្រុមហ៊ុនឯកជនយក មកគ្រប់គ្រងមិនអោយ ពលរដ្ឋបង់ថ្លៃការធ្វើដំណើរ ឆ្លងកាត់។ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានទិញ យកស្ពានឆ្លងដៃសមុទ្រជិត ២គីឡូម៉ែត្រ ដាក់អោយប្រជាពល រដ្ឋ ប្រើប្រាស់ដោយ មិនយកលុយតទៅទៀតឡើយ។ ៣)កត្តាមធ្យោបាយធ្វើដំណើរ ដែលប្រជាពលរដ្ឋមានស្ទើរគ្រប់ៗគ្នា។ សព្វ ថ្ងៃនេះ ប្រជាពលរដ្ឋយើង មានលទ្ធភាពធ្វើដំណើរ ទៅកម្សាន្តបានគ្រប់ទីកន្លែង។ ៤)កត្តា ប្រាក់ ចំណូល គឺប្រជាពលរដ្ឋ មាន ប្រាក់ចំណូលកាន់ តែធូរធារប្រសើរឡើងជាងមុន ជាពិសេសមន្ត្រីរាជការក៏ត្រូវ បានតម្លើងប្រាក់ខែជាបន្តបន្ទាប់។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍សំខាន់ៗ ៥ចំណុច ដល់និយោជក និងនិយោជិត ដើម្បីធ្វើការរួមគ្នាធានា ដល់ល័ក្ខខ័ណ្ឌការងារល្អ និងប្រាក់ចំណូលល្អ: ទី១)ត្រូវរួមគ្នាថែរក្សាសន្តិភាពស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបាន ល្អ ទី២)រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗ ច្រើនថែមទៀតដោយ ធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម។ទី៣)រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំកើន ទាំងប្រាក់បៀវត្សន៍អប្បរិមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។ ចំពោះតម្លៃទឹក ភ្លើងវិញ គឺចាប់តាំងពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃភ្លើងបញ្ចុះមកនៅត្រឹម៤៥០៛ ក្នុង១គីឡូវ៉ាត់ម៉ោង (សម្រាប់ ការប្រើក្រោម ៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ)។ ចំពោះថ្លៃទឹកគឺថ្លៃតែ ៧០០៛ ប៉ុណ្ណោះក្នុងមួយម៉ែត្រគូប ។ សម្តេចតេជោ បានអំពាវនាវ ដល់ម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះ រយៈពេល១ឆ្នាំ (២០១៨)ដើម្បីជួយកម្មករ យើងអោយ មាន លទ្ធភាពរក ប្រាក់ ចំណូល បន្ថែមក្នុងការសម្រួល ដល់ជីវភាពរស់ នៅប្រចាំថ្ងៃអោយកាន់ តែប្រសើរឡើង។�ទី៤)ផ្តល់របប គាំពារ សន្តិសុខ សង្គមដល់កម្មករចាប់ពីខែ មករា ឆ្នាំ២០១៨ នេះទៅ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការនី។ ពេលនោះបងប្អូនអាច នៅសល់ប្រាក់ប្រមាណពី (៨,០០០៛-១២,០០០៛ក្នុង១ខែ)។ ជាមួយគ្នានេះដែរ កម្មការនីយើងទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ និងកសិកម្មជាដើម…)គឺទទួលបានការ ពិនិត្យព្យាបាល ជំងឺនៅមន្ទីរពេទ្យរដ្ឋ ដោយមិនគិតថ្លៃតាមរយៈមូលនិធិសមធម៌។សម្តេចតេជោ បានណែនាំអោយម្ចាស់ ក្រុមហ៊ុនរោងចក្រ រៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្រ របស់ខ្លួនដើម្បីជួយដល់កម្មករ។គ្រប់ស្ត្រីកម្មករិនីមាន ផ្ទៃពោះ ទាំងអស់ត្រូវ បានអនុញ្ញាតិអោយចេញ មុនម៉ោង១៥នាទី។ចំពោះស្រ្តីមានផ្ទៃ ពោះសំរាលកូនគឺនឹងទទួល បានពេល វេលា ឈប់សម្រាក ពីការងាររយៈពេល៣ខែហើយ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០% ដោយ បេឡាជាតិ)។នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសជូនដំណឹងដល់បងប្អូន កម្មការនី អំពី អត្ថប្រយោជន៍ មួយទៀត ដែលនឹងទទួលបានពីបេឡាសង្គមគឺ:- ចំពោះស្រ្តីសម្រាលកូនទោះ ក្នុងប្រព័ន្ធឬក្រៅប្រព័ន្ឋ ដែលសម្រាល បានកូន (១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។បើសម្រាលបានកូន(៣)គឺទទួលបានថវិកា ១លាន ២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភមួយ ចំនួនទៀត ពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ថវិកានេះនឹងផ្តល់ជូនដោយ បេឡាសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាល ដែលនឹងត្រៀមថវិកាប្រមាណជាង១០លានដុល្លារ ក្នុង១ឆ្នាំៗ (ទោះបីកូននោះកើតរស់ឬ ស្លាប់គឺនៅទទួលបានថវិកា គាំពារដូចគ្នា)។ កម្មករកម្មការនីទូទាំងប្រទេស នឹងទទួល បានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ចំពោះកីឡាករកីឡាការិនីទាំងអស់ ក៏ទទួលបានការ ជិះរថយន្តក្រុងសាធារណៈ ដោយមិនគិតថ្លៃផង ដែរ សម្រាប់រយៈពេល ២ឆ្នាំហើយទទួលបាន បានពិនិត្យថែទាំសុខភាព ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ។ចំពោះកីឡា ការនីដែលសម្រាលកូន ក៏ទទួលបានអត្ថប្រយោជន៍ ដូចកម្មការិនីផងដែរ ចាប់ពីខែមករា ឆ្នាំ ២០១៨ នេះទៅ ។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់ នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួល បានចំនួន៨០% នៃប្រាក់ខែ ដែល ខ្លួនធ្លាប់ បានទទួលពេល នៅធ្វើការចុងក្រោយ។ ចំពោះស្រ្តីជា មន្រ្តីរាជការស៊ីវិល នគរបាល កងទ័ព គឺចាប់ពីខែ មករា ឆ្នាំ ២០១៨ នេះទៅ បើសម្រាលបានកូន ១ ត្រូវទទួលបាន ៨០០,០០០៛ បើបានកូនភ្លោះ២គឺទទួលបាន ១,៦០០,០០០៛ បើបាន កូនភ្លោះ៣ គឺទទួលបាន ២,៤០០,០០០៛។ចំពោះគ្រូបង្រៀន និងគ្រូពេទ្យជាស្រ្តី ក៏ទទួលបានប្រាក់ឧបត្ថម្ភ ដូចខាងលើ នេះផងដែរ។ទី៥)រាជរដ្ឋាភិបាល បន្តយកចិត្តទុក ដាក់ផ្តល់កិច្ចគាំពារ ចំពោះកម្មករកម្មការិនី ដែលកំពុងធ្វើការនៅក្រៅ ប្រទេស ដោយធ្វើការសម្របសម្រួល ជាមួយប្រទេសដៃគូ ដើម្បីផ្តល់នូវល័ក្ខខ័ណ្ឌការងារល្អៗ ដែលមានប្រាក់ខែល្អ សមរម្យដល់កម្មករ ព្រមទាំង ជួយសម្រួលនូវបែបបទលិខិត បទដ្ឋានផ្លូច្បាប់នានាដែលពាក់ព័ន្ធ នឹងការងាររបស់បងប្អូនកូនក្មួយកម្មករ។ទន្ទឹម នឹងនេះដែររាជរដ្ឋាភិបាល នឹងបន្តជជែកជាមួយប្រទេស ផ្សេងៗដូចជាកូរ៉េខាងត្បូង ម៉ាឡេស៊ី និងប្រទេសថៃ ដើម្បីផ្តល់នូវ ល័ក្ខខ័ណ្ ឌការងារ និងប្រាក់ខែល្អៗ សម្រាប់បងប្អូនកូនក្មួយកម្មករខ្មែរ ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី ជិយោជកទាំងអស់ ដែលបានចូលរួម ក្នុងថ្ងៃនេះ ព្រមទាំងបាន ឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួន ក្នុងនោះក៏មានកម្មការនី មានផ្ទៃពោះចំនួន ៣៦៧ នាក់ផងដែរ។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថតរូបអនុស្សាវរីយ៍ Selfie ដែលបង្ហាញ នូវក្តីអាណិតស្រឡាញ់ និងយក ចិត្តទុកដាក់ យ៉ាងស្មោះស្ម័គ្រ ចំពោះបងប្អូនកូនក្មួយកម្មករ កម្មការនី នៅក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយ ក្រៃលែង៕