ពិធី​ចុះ​អនុស្សរណៈ​យោគយល់​​ ស្ដីពី​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​ (ICT) ក្នុង​វិស័យ​អប់រំ

08 11 2017

រសៀល​ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទី​ស្ដី​ការ​ក្រសួង​អប់រំ យុវជន និង​កីឡា មាន​ប្រារព្ធ​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​​ ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ លើ​ផ្នែក​​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​ (ICT) ក្នុង​វិស័យ​អប់រំ រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​​មន្ទីរ​អប់រំ​ ទីក្រុង​ប៊ូសាន​ នៃ​សាធារណរដ្ឋ​កូរ៉េ ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ជាមួយ លោក Kim Seok-joon ​ប្រធាន​មន្ទីរ​​អប់រំ​​ក្រុង​ប៊ូសាន នៃ​សាធារណ​រដ្ឋ​កូរ៉េ​ខាង​ត្បូង ដោយ​មាន​ការ​ចូលរួម​ថ្នាក់​ដឹកនាំ ប្រធាន អនុ​ប្រធាន និង​មន្ត្រី​អង្គភាព​ជំនាញ​ផង​ដែរ។

​កម្មវិធី​នេះ​ក្នុង​​គោល​បំណង​ ​​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​ភាព ​ជា​ដៃ​គូ​រវាង​ភាគី​កម្ពុជា ​និង​ភាគី​កូរ៉េ​ លើ​ការ​លើក​កម្ពស់​បច្ចេក​ វិទ្យា​ព័ត៌មាន (ICT) ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា ​រួម​ទាំង​ការ​ស្នើ​សុំ​ជួប​សម្ដែង​ការ​គួរ​សម ​ជាមួយ​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ រដ្ឋមន្ត្រី​ ​ដើម្បី​ចុះ​ហត្ថលេខា​បន្ត​ អនុស្សរណៈ​សារ​ជា​ថ្មី​ ជា​មួយ​ក្រសួង​អប់រំ​ យុវជន និង​កីឡា សម្រាប់ រយៈពេល​ ៥​ឆ្នាំ​ និង​អាច​បន្ត​បាន​។ កិច្ច​សហប្រតិបត្តិការ ​រវាង​​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មន្ទីរ​អប់រំ ទីក្រុងប៊ូសាន ពិត​ជា​បាន​លើក​ស្ទួយ​ទំនាក់ទំនង​វប្បធម៌-អរិយធម៌ ​រវាង​នៃ​សាធារណ​រ​រដ្ឋ​កូរ៉េ និង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​កាត់​បន្ថយ​បាន​មួយ​ចំណែក​គម្លាត​ឌីជីថល​របស់​កម្ពុជា​។ សិក្ខាកាម​ដែល​បាន​ ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​​​​ នៅ​កូរ៉េ​បាន​​យក​ចំណេះដឹង និង​បទពិសោធន៍​ទាំង​នេះ ​ទៅ​ផ្សព្វផ្សាយ បណ្ដុះ​បណ្ដាល​​បន្ត​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន ​​ដល់​សហការី​ នៅ​តាម​អង្គភាព​សាមី ដើម្បី​ជំរុញ​​​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ICT ក្នុង​វិស័យ​អប់រំ​ឲ្យ​រីកចម្រើន។