កិច្ចប្រជុំលើកទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព ពិនិត្យវឌ្ឍនភាព ដែលក្រុមប្រឹក្សានេះសម្រេចបាន

03 10 2017

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំកិច្ចប្រជុំលើក ទី២ របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាទាំងអស់ ជាមន្រ្តីជាន់ខ្ពស់ តំណាងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ខេត្ត សរុបចំនួន៧៦រូប។ អង្គប្រជុំបានត្រួតពិនិត្យ វឌ្ឍនភាពដែល ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាពសម្រេចបានក្នុងការ គាំទ្រកិច្ចអភិវឌ្ឍប្រកបដោយ ចីរភាពនៅកម្ពុជា ក្នុងនោះរួមមានការ ពិនិត្យ ផ្តល់យោបល់ និងអនុម័តលើសេចក្តី ព្រាងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ មួយចំនួន រួមមាន សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ (Environment and Natural Resources Code) សេចក្តីព្រាងយុទ្ធសាស្រ្ត និងផែនការសកម្មភាព បរិស្ថាន ជាតិ (NESAP) និងសេចក្តីព្រាងយុទ្ធសាស្រ្តរេដបូកជាតិ។ ថ្លែងក្នុងពិធី បើក ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ជាប្រធានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព បានបញ្ជាក់ថា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ជាស្ថាប័នរៀបចំគោល នយោបាយជាតិ ដែលត្រូវបង្កើតឡើងដោយការរួមបញ្ចូលគ្នានៃស្ថាប័នអន្តរក្រសួងដែលធ្លាប់មានចំនួន៤ គឺ ៖ ក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ បៃតង គណៈកម្មាធិការជាតិគ្រប់គ្រងការប្រែប្រួលអាកាសធាតុ គណៈកម្មាធិការជាតិជីវសុវត្ថិភាព និងគណៈកម្មាធិការ ជាតិគ្រប់គ្រងជីវៈចម្រុះ ដើម្បីលើកកម្ពស់ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ធានាបាននូវតុល្យភាពរវាងសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌របស់ប្រទេសជាតិ។ ឯកឧត្តមរដ្ឋមន្រ្តីបាន កត់សម្គាល់ អំពីកិច្ចប្រឹងប្រែង និងសមិទ្ធផលសំខាន់ៗដែលក្រុម ប្រឹក្សា ជាតិ អភិវឌ្ឍន៍ដោយចីរភាព សម្រេចបាននៅក្នុងឆ្នាំ២០១៧ ដូចជា សេដ្ឋកិច្ចបៃតង ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ ទាក់ទងនឹងរេដបូក នាពេលអនាគត នៅពេលខេត្តមានសមត្ថភាពគ្រប់គ្រាន់ ក្រសួង បរិស្ថានគ្រោងនឹងផ្ទេរ ថវិកាពីការលក់កាបូន នៅខេត្តមណ្ឌលគិរី ដល់ខេត្តហើយ ដៃគូពាក់ព័ន្ធ អាចចរចា និងធ្វើដោយផ្ទាល់ ជាមួយ ខេត្តតែម្តង។ អំពីក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព(ក.ជ.អ.ច.) ត្រូវបានបង្កើតឡើង នៅខែឧសភា ឆ្នាំ២០១៥ ដើម្បី លើកកម្ពស់ការអភិវឌ្ឍ ដោយចីរភាព សំដៅធានាបាននូវតុល្យភាពរវាង សេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធ៌ម នៅក្នុងព្រះរាជា ណា ចក្រកម្ពុជា។ ក.ជ.អ.ច. មានអគ្គលេខាធិការដ្ឋានមួយ សម្រាប់ជាសេនាធិការ និងមានទីស្នាក់ការងារ នៅក្រសួងបរិស្ថាន។
អំពីសមាសភាព ក.ជ.អ.ច. សមាសភាព ក.ជ.អ.ច. មានដូចខាងក្រោម :
- សម្តេចនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិត្តិយស
- រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាប្រធាន
- រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ជាអនុប្រធានទី១ និងរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ជាអនុប្រធានទី២
- រដ្ឋលេខាធិការនៃក្រសួងស្ថាប័ន ចំនួន២៧ ជាសមាជិក
- អគ្គលេខាធិការ និងអនុប្រធានប្រតិបត្តិនៃស្ថាប័នរដ្ឋ ចំនួន៦ ជាសមាជិក
- អភិបាលរាជធានី ខេត្ត ចំនួន២៥ ជាសមាជិក
- អគ្គលេខាធិការ ក.ជ.អ.ច. ជាសមាជិកអចិន្ត្រៃយ៍
អគ្គលេខាធិការដ្ឋាន ក.ជ.អ.ច
អគ្គលេខាធិការដ្ឋាន មានតួនាទី និងភារកិច្ចចាំបាច់ក្នុងការសម្របសម្រួល និងអនុវត្តការងារប្រចាំថ្ងៃ សម្រាប់គាំទ្រ ដល់ការ រៀបចំសេចក្តីព្រាងលិខិត បទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការយុទ្ធសាស្រ្តផែនការ សកម្មភាព កម្មវិធី និងគម្រោងនានា ដែលពាក់ព័ន្ធ នឹងការអភិវឌ្ឍដោយចីរភាព។ អគ្គលេខាធិការដ្ឋាន មាននាយកដ្ឋានជំនាញ ចំនួន៥ :
- នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
- នាយកដ្ឋានប្រែប្រួលអាកាសធាតុ
- នាយកដ្ឋានសេដ្ឋកិច្ចបៃតង
- នាយកដ្ឋានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា
- នាយកដ្ឋានជីវៈចម្រុះ
អំពីកិច្ចប្រជុំលើកទី១
កិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សា ជាតិអភិវឌ្ឍន៍ ដោយចីរភាព។ លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំលើកទី១ រួមមាន ៖
- ការអនុម័តទៅ លើរចនាសម្ព័ន្ធ របស់ក្រុមប្រឹក្សា ដោយនឹងត្រូវមានអង្គប្រឹក្សាយោបល់ ថ្នាក់ជាតិចំនួនពីរ គឺក្រុមឧត្តមមន្រ្តី និងគណៈកម្មាធិការ វាយតម្លៃបរិស្ថានយុទ្ធសាស្រ្ត, និងការបង្កើតក្រុមការងារ ថ្នាក់រាជធានីខេត្ត ដែលដឹកនាំដោយ អភិបាលនៃ គណៈអភិបាលរាជធានីខេត្ត សំដៅធានាបាន នូវការចូលរួមយ៉ាងសកម្ម ពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ក្នុងការបំពេញតួនាទី និង ភារកិច្ចរបស់ក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព
- បន្ថែមពីលើរចនាសម្ព័ន្ធនេះ ក្រុមការងារបច្ចេកទេសចំនួន៧ នឹងត្រូវបានបង្កើត ដើម្បីសម្របសម្រួល និងគាំទ្រដល់ការរៀបចំ និងអនុវត្តគោលនយោបាយ ច្បាប់ និងក្របខណ្ឌគតិយុត្ដិ លើកកម្ពស់ការស្រាវជ្រាវ អប់រំ និងបណ្តុះបណ្តាល ផ្លាស់ប្តូរ បច្ចេក វិទ្យា និងនវានុវត្តន៍ ព្រមទាំងផ្សព្វផ្សាយ លើកកម្ពស់ការអភិវឌ្ឍដោយចីរភាព។ ក្រុមបច្ចេកទេសទាំងនេះ នឹងផ្តោតសំខាន់លើ ៖ ការប្រែប្រួលអាកាសធាតុ, ទីក្រុងនិរន្តរភាព, ថាមពលនិរន្តរភាព, ការប្រើប្រាស់ និងផលិតកម្មនិរន្តរភាព, ជីវៈចម្រុះ ការប្រើប្រាស់និងការបែងចែកផល ពីធនធានពន្ធុ និងជីវសុវត្ថិភាព, វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, និងថាមពល នុយក្លេអ៊ែរ
- ការពិនិត្យនិងពិភាក្សាទៅលើនិមិត្តសញ្ញា និងបទបញ្ជាផ្ទៃក្នុងនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព
- ការកំណត់សកម្មភាពអាទិភាពសម្រាប់ឆ្នាំ២០១៦-២០១៨ មានជាអាទិ៍ ការងារទីក្រុងនិរន្តរភាព ថាមពលនិរន្តរភាព ការឆ្លើយ តបនឹងការប្រែប្រួល អាកាសធាតុ កិច្ចអភិរក្សជីវៈចម្រុះ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបៃតង ការរៀបចំបញ្ចប់នូវ យុទ្ធសាស្រ្ត និង ផែនការ សកម្មភាពបរិស្ថាន និងក្រមបរិស្ថាន៕