ពិធីសម្ពោធផ្សាររួមទី១ របស់សម្ព័ន្ធសមាគមជលផលសមុទ្រកម្ពុជា

02 10 2017

ផ្សាររួមដំបូងគេ​ របស់សម្ព័ន្ធសមាគម ជល​ផលសមុទ្រកម្ពុជា ដើម្បីបង្កើនចង្វាក់តម្លៃ និងពង្រីកការនាំចេញ​ជលផល​សមុទ្រ​កម្ពុជា ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ ត្រូវបាន ដាក់សម្ពោធជាផ្លូវការ កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោម គណៈអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ចាន់ ជេស្តា អភិបាល នៃគណៈអភិបាល ខេត្តកំពត។

ផ្សាររួមនេះ ត្រូវបានបង្កើតឡើង ក្រោមហិរញ្ញប្បទាន របស់គម្រោង ជលផលសមុទ្រ នៃកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញ កម្ពុជា (CEDEP II) ដំណាក់កាលទី២ ក្នុងទំហំទឹកប្រាក់ ៥,០០០ដុល្លារសហរដ្ឋអាមេរិក ដែលមាននាយកដ្ឋាន សហប្រតិបត្តិការ អន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម ជាអ្នកសម្របសម្រួល និងអនុវត្តន៍ ដោយអភិវឌ្ឍន៍វិស័យឯកជន សហការជាមួយអង្គការ សហប្រជាជាតិអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា វិស័យជលផល គឺជានិមិត្តរូបតំណាងឱ្យប្រភព ដ៏សំខាន់ នៃ រូបិយប័ណ្ណជាតិ ដែលបានផ្ដល់ផលចំណេញ ដល់ប្រជានេសាទ និងភាគីពាក់ព័ន្ធ នៅក្នុងប្រទេសកម្ពុជា ប្រមាណជាង ៦លាន នាក់។ ឯកឧត្តមបានបន្តទៀតថា ផ្សាររួមនេះនឹងដើរតួជាមជ្ឈមណ្ឌលសេវាកម្ម និងផ្តល់ព័ត៌មានរវាងអ្នកលក់ និងអ្នកទិញ ផល នេសាទសមុទ្រ ជាពិសេស ផ្តល់ឱកាស ជូនប្រជានេសាទ និងសមាជិកសម្ព័ន្ធ សមាគមជលផលសមុទ្រកម្ពុជា ធ្វើការដាក់លក់ ជលផលសមុទ្រ ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ។

ទន្ទឹមគ្នានេះ ឯកឧត្តម ចាន់ ជេស្តា ក៏បានសម្តែងការស្វាគមន៍ ចំពោះវត្តមាន របស់ផ្សាររួម នៃសម្ព័ន្ធសមាគមជលផល សមុទ្រ កម្ពុជា និងបានបង្ហាញជំនឿថា ផ្សាររួមនេះ នឹងជួយបង្កើតការងារ និងប្រាក់ចំណូលបន្ថែម ជូនប្រជាជន ព្រមទាំងបង្កើន សកម្មភាព ពាណិជ្ជកម្មនៅ ក្នុងខេត្តកំពតផងដែរ។ ឯកឧត្តមអភិបាល ក៏បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម និងអង្គការ UNIDO ព្រមទាំងសម្ព័ន្ធសមាគមជលផល សមុទ្រកម្ពុជា ដែលបានសហការបង្កើត ឲ្យមានផ្សាររួមនេះឡើង។

នៅក្នុងយុទ្ធសាស្រ្ត សមាហរណកម្មពាណិជ្ជកម្មកម្ពុជា CTIS ដែលធ្វើបច្ចុប្បន្នភាព ដោយរាជរដ្ឋាភិបាល កាលពីដើមឆ្នាំ ២០១៤ វិស័យជលផល ត្រូវបានចាត់ទុក ជាផលិតផលអទិភាព ដែលមានសក្តានុពល ក្នុងការនាំចេញទៅកាន់ ទីផ្សារពិភពលោក។ រៀងរាល់ឆ្នាំ កម្ពុជាបាននាំចេញផលនេសាទ ទៅកាន់ប្រទេសចិន, សិង្ហបុរី, ជប៉ុន, កូរ៉េខាងត្បូង, អូស្ត្រាលី, សហរដ្ឋអាមេរិក, ថៃឡងដ៏, និងវៀតណាម ក្នុងចន្លោះពី ២៥ ទៅ ៣០ពាន់តោន ហើយជប៉ុន គឺជាប្រទេសដែលនាំចូលដ៏ធំជាងគេ៕