ក្រសួងអប់រំគ្រោងនឹងដាក់បញ្ចូលការបរិច្ចាគឈាមទៅក្នុងកម្មវិធីសិក្សាជាតិ

28 09 2017

 

ក្រសួងអប់រំយុវជននិងកីឡាគ្រោងនឹងដាក់បញ្ចូលការបរិច្ចាគឈាមទៅក្នុងកម្មវិធីសិក្សាជាតិដើម្បីលើកទឹកចិត្តឲ្យមានការបរិច្ចាគ ឈាមដោយស្ម័គ្រចិត្តនិងមិនគិតកំរ៉ៃ១០០ភាគរយនៅឆ្នាំ២០២០ខាងមុខ នេះ។ថ្លែងក្រោយកម្មវិធីផ្សព្វផ្សាយនិងផ្តល់អំណោយឈាមរបស់បុគ្គលិកអប់រំនៅព្រឹកថ្ងៃទី២៧កញ្ញានៅអគាររដ្ឋបាលពញាហុកក្រសួងអប់រំឯកឧត្តមហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថាការដាក់បញ្ចូលនូវគោលការណ៍សំខាន់ៗនៃការបរិច្ចាគឈាមទៅក្នុងកម្មវិធីសិក្សានេះគឺដើម្បីបង្កើនចំណេះដឹងស្តីពីសារៈសំខាន់នៃការផ្តល់ឈាមដល់សិស្សនិស្សិតឲ្យចូលរួមបរិច្ចាគឈាមឲ្យកាន់តែផុលផុសថែមទៀតខណៈបច្ចុប្បន្នការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅមានកំរិតនៅឡើយ។

ឯកឧត្តមបានបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមនេះនឹងជួយជំរុញឲ្យ សិស្សនិស្សិតកាន់តែមានភាពក្លាហានថែមទៀត ក្នុងការចូលរួមបរិច្ចាគឈាមដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់ ។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា នាពេល ឆាប់ៗនេះមជ្ឈមណ្ឌលជាតិផ្តល់ឈាមនឹងរៀបចំឯកសារដើម្បីធ្វើការពិគ្រោះយោបល់ជាមួយអ្នកជំនាញរបស់ក្រសួងអប់រំដើម្បីដាក់បញ្ចួលគោលការណ៍សំខាន់ៗនៃការបរិច្ចាគឈាមតាមលក្ខណៈវិទ្យាសាស្ត្រនិងវេជ្ជសាស្ត្រទៅក្នុងមុខវិជ្ជាសិក្សាជីវវិទ្យា។

លោកវេជ្ជបណ្ឌិតបានពន្យល់ថា ការបរិច្ចាគឈាមមិនមានផលប៉ះពាល់ដល់សុខភាពទេដោយសារឈាមដែលបាត់បង់នោះនឹងកកើតឡើងវិញដោយខ្លួនឯងហើយឈាមដែលបរិច្ចាគនេះក៏ធានាបានប្រកបដោយសុវត្ថិភាពខ្ពស់សម្រាប់ជួយសង្គ្រោះដល់អាយុជីវិតអ្នកជំងឺ។លោកវេជ្ជបណ្ឌិតបានបន្តថាឈាមដែលទទួលបានពីសប្បុរសជននានាគឺមជ្ឈមណ្ឌលជាតិផ្តល់ឈាមយកទៅជួយសង្គ្រោះអាយុជីវិតអ្នកជំងឺពិសេសអ្នកជំងឺដែលមានការហូរឈាមតាមប្រដាប់រំលាយអាហារ ការវះកាត់ជំងឺបេះ ដូង គ្រោះថ្នាក់ចរាចរណ៍ ករណីនៃការហូរឈាមមិនប្រក្រតីនៅមុននិងក្រោយពេលសំរាលកូនករណីជំងឺខ្សោយតំរង់នោមនិងករណីនៃការព្យាបាលថែទាំជំងឺមហារីក។ល។លោកវេជ្ជបណ្ឌិតបញ្ជាក់ថាការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនិងមិនគិតកម្រៃនៅកម្ពុជាបច្ចុប្បន្ននេះមានចំនួនត្រឹមតែ៣៥ភាគរយប៉ុណ្ណោះចំណែក៦៥ភាគរយទៀតជាការដោះ ដូរអំ ណោយ ឈាម តាមរយៈសាច់ ញាតិអ្នកជំងឺបរិច្ចាគជំនួស។