រកឃេីញកូនត្រយ៉ងយក្សដែលជាប្រភេទជិតផុតពូជបំផុតចំនួន០២ក្បាល នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

27 09 2017

យោងតាមសេចក្តី ប្រកាសព័ត៌មាន ចេញផ្សាយ ដោយអង្គការ WCS នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមអ្នកស្រាវជ្រាវ របស់ ក្រសួងបរិស្ថាន និងអង្គការ WCS បានរកឃើញសំបុកសត្វត្រយ៉ងយក្ស ដែលមានកូនចំនួន០២ក្បាល ជាលើកដំបូងនៅក្នុង ដែន ជម្រក សត្វព្រៃកែវសីមាក្នុងខេត្តមណ្ឌលគីរី។ ការរកឃើញនេះ ធ្វើឲ្យដែនជម្រកសត្វព្រៃកែវសីមា ក្លាយជាទីជម្រក ពងកូនមួយ ក្នុងចំណោមទីជម្រកពងកូនសេសសល់តិចតួចសម្រាប់សត្វត្រយ៉ងយក្សនេះនៅកម្ពុជា។ត្រយ៉ងយក្ស ជាសត្វស្លាប តំណាងឲ្យ ប្រទេសកម្ពុជា ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក។ ពួកវា រស់នៅតែក្នុងប្រទេសកម្ពុជា និងតិចតួចប៉ុណ្ណោះមានរស់នៅ ក្នុងប្រទេសឡាវ និងវៀតណាម។ សត្វត្រយ៉ងយក្សពេញវ័យ ត្រូវ បានគេប៉ាន់ប្រមាណថា មានចំនួនតែ១៩៤ក្បាលប៉ុណ្ណោះ នៅលើពិភពលោក ក្នុងនោះដែរប្រមាណ៩៩% នៃចំនួនរបស់ពួកវា មាន វត្តមាន រស់នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យកម្ពុជាក្លាយ ជាប្រទេស​ដ៏សំខាន់បំផុតនៅ លើសាកលលោក ដើម្បីអភិរក្ស ប្រភេទ សត្វដ៏កម្រនេះ កុំឲ្យបាត់បង់។ លោក សូត្រ វ៉ាន់ឌឿន ប្រធាន ក្រុមត្រួតពិនិត្យ និងតាមដានសត្វព្រៃប្រចាំដែន ជម្រក សត្វព្រៃ កែវសីមា បាននិយាយថា “បន្ទាប់ពីរកឃើញវត្តមានសត្វត្រយ៉ងយក្ស ចំនួន០៤ក្បាល កាលពីចុងខែសីហាកន្លងទៅ នេះ ក្រុមស្រាវជ្រាវសត្វព្រៃ នៅតែបន្តស្វែងរកវត្តមាន សត្វត្រយ៉ងយក្សបន្ថែមទៀត និងសំបុកពងកូនរបស់ពួកវា ពីព្រោះយើង មើល ឃើញថាដែនជម្រក សត្វព្រៃកែវសីមា គឺជាទីជម្រកធម្មជាតិដ៏ល្អបំផុតមួយ សម្រាប់ការស្វែងរកចំណី និងការបន្តពូជ របស់ សត្វត្រយ៉ងយក្ស។ ” លោក សូត្រ វ៉ាន់ឌឿន បានបន្តថា “ ដូចដែលបានរំពឹងទុក យើងបានរកឃើញសំបុកត្រយ៉ងយក្ស ចំនួន​០១ សំបុកមានកូនតូចចំនួន ០២ក្បាល។ ពួកវាមានសុខភាពល្អ និងកំពុង រស់នៅក្នុងទីតាំងមានសុវត្តិភាព។ ពួកយើងពិតជា មាន មោទភាព ណាស់ ចំពោះការរកឃើញនេះ ពីព្រោះយើងអាចបញ្ជាក់ បានថាដែនជម្រកសត្វព្រៃកែវសីមា ក៏ជាទីជម្រក ដ៏ សំខាន់ សម្រាប់ ការពងកូនរបស់ត្រយ៉ងយក្សនៅកម្ពុជាផងដែរ។” ដែនជម្រកសត្វព្រៃកែវសីមា​ មានសារៈសំខាន់ជា សាកល សម្រាប់ការអភិរក្សប្រភេទ សត្វពានរ ដូចជាស្វាកន្ទុយស និងទោចថ្ពាល់លឿង ដែលចំនួនរបស់ពួកវា ច្រើនជាងគេ បង្អស់មាន រស់នៅ ក្នុងដែនជម្រក សត្វព្រៃនេះរួមទាំង ពពួកសត្វខ្លាព្រៃ ដំរីអាស៊ី ក្រុមគោសាទិស និងសត្វស្លាបជាច្រើនផ្សេងទៀត។ ប៉ុន្តែ សត្វព្រៃទាំងអស់នោះ កំពុងទទួលការគំរាមកំហែង ពីការបរបាញ់ និងការបាត់បង់ទីជម្រក ដែលទាមទារឲ្យមានការ អភិរក្ស បន្ថែមទៀតដើម្បីធានា ដល់ការរស់នៅ និងទីជម្រកធម្មជាតិសម្រាប់ពួកវា។ លោក Olly Griffin ទីប្រឹក្សាបច្ចេកទេស ផ្នែក ស្រាវជ្រាវ សត្វព្រៃ របស់អង្គការ WCS បាននិយាយថា “ការរកឃើញនេះ ឆ្លុះបញ្ចាំងម្តងទៀត អំពីសារៈសំខាន់ នៃដែនជម្រក សត្វព្រៃកែវសីមា សម្រាប់អភិរក្សថនិកសត្វ និងសត្វស្លាបប្រភេទរងគ្រោះ ជាសាកល។ អង្គការ WCS និងក្រសួងបរិស្ថាន ទទួលបានជោគជ័យ ក្នុងការការពារសំបុកសត្វត្រយ៉ងយក្ស នៅតំបន់ខ្ពង់រាបភាគខាងជើង ប្រទេសកម្ពុជា ក្នុងខេត្តព្រះវិហារ ហើយនឹងធ្វើ ឲ្យជោគជ័យដូចគ្នានេះដែរ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមានេះ"៕