ឯកឧត្ដម កែប ជុតិមា ចូលរួមពិធីផ្សព្វផ្សាយវិធានការណ៍បង្ក្រាបការប្រើប្រាស់
ឯកឧត្ដម កែប ជុតិមា ចូលរួមពិធីផ្សព្វផ្សាយវិធានការណ៍បង្ក្រាបការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស និងល្បែងខុសច្បាប់គ្រប់ប្រភេទ
កាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១០ នាអគ្គស្នងការដ្ឋាននគរបាលជាតិ មានរៀបចំពិធីផ្សព្វផ្សាយ វិធានការណ៍បង្ក្រាប ការប្រើប្រាស់គ្រឿងញៀ ការជួញដូរមនុស្ស និងល្បែងខុសច្បាប់គ្រប់ប្រភេទ នៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម កែប ជុតិមា អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ និងឯកឧត្ដម នាយកឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅក្នុងត្រីទី១ ឆ្នាំ២០១០នេះ កងកំលាំងមានសមត្ថកិច្ច បានបង្ក្រាបការប្រើប្រាស់គ្រឿងញៀ ដោយកំណត់អោយម្ចាស់អាជីវកម្មដ្ឋាន ដូចជា ក្លឹបកំសាន្ដ ផ្ទះសំណាក់ និងសណ្ឋាគារ សហការផ្ដល់ព័ត៌មាន និងធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច ថាកន្លែងអាជីវកម្មរបស់ខ្លួនពុំការចែកចាយ ប្រើប្រាស់គ្រឿងញៀន។ ចំពោះការងារបង្ក្រាបករណី ជួញដូរមនុស្ស យើងសំរេចបង្ក្រាបបាន ០៦ករណី រំដោះនារីរងគ្រោះបាន ២នាក់ និងឃាត់ខ្លួននារីរកស៊ី ផ្លូវភេទបាន ៤៥នាក់ បញ្ជូនទៅមន្ទីរសង្គកិច្ចរាជធានីភ្នំពេញ។ជាមួយគ្នានេះ យើងក៏បានបង្ក្រាប ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទបាន ១៩កន្លែង ឃាត់ខ្លួនមនុស្សបាន ៣២១នាក់ ក្នុងនោះ៦៤នាក់បញ្ជូទៅតុលាការ។ ឯកឧត្ដម កែប ជុតិមា មានប្រសាសន៍ថា ឆ្នាំ២០១០នេះ គឺជាឆ្នាំដែលយើងទាំងអស់គ្នាត្រូវខិតខំបង្ក្រាបឱ្យមានប្រសិទ្ធភាព នូវការប្រើប្រាស់គ្រឿងញៀនការជួញដូរមនុស្ស និងល្បែងស៊ីសងគ្រប់ប្រភេទ នៅតាមមូលដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ដើម្បីរួមគ្នាធ្វើឱ្យរាជធានីភ្នំពេញ ក្លាយជាកន្លែងដែលមានសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ សក្ដិសមជា មជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ របស់ប្រទេសជាតិយើង។ ឯកឧត្ដម មានប្រសាសន៍ទៀតថា ចាប់ពីពេលនេះទៅ កងកំលាំងមានសមត្ថកិច្ចគ្រប់ផ្នែកគ្រប់ថ្នាក់ ត្រូវជំរុញការងារបង្ក្រាបបទ ល្មើសទាំងនេះឱ្យបានជាប់ ជាប្រចាំ ហើយក្នុងករណីប្រឈមមុខនឹងបាតុភាពអាងខ្នង អ្នកធំណាមួយ យើងត្រូវធ្វើរបាយការណ៍ មកសាលារាជធានីភ្នំពេញ អគ្គស្នងការ នគរបាលជាតិ និងក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការណ៍អនុវត្ដ តាមផ្លូវច្បាប់។ ឯកឧត្ដម នេត សាវឿន មានប្រសាន៍ថា ក្នុងឆ្នាំ២០០៩កន្លងទៅនេះ បទល្មើសផ្សេងៗ នៅទូទាំងប្រទេស មានការកើនឡើងប្រមាណជិត ២០% ក៏ប៉ុន្ដែបទល្មើសប្រដាប់ អាវុធមានការថយចុះ ប្រមាណជិត ១០% ដែលអាស្រ័យដោយការ ខិតខំប្រឹងប្រែងរបស់អាជ្ញាធរដែនដី និងកងកំលាំងមាន សមត្ថកិច្ចក្នុងការបង្ការ និងបង្ក្រាបបទល្មើសទាំងនោះទទួលបានប្រសិទ្ធភាព ខ្ពស់។ ឯកឧត្ដមក៏បានផ្ដាំ ផ្ញើដលអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនកិច្ចសហការល្អជាមួយ កងកំលាំងនគរបាលជាតិ ក្នុងការថែរក្សាការ ពារ សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ នៅទូទាំងរាជធានីភ្នំពេញ ឱ្យមានស្ថានភាពល្អ ប្រសើរ សក្ដិសមជារាជធានីបេះដូង នៃព្រះរាជាណាចក្រកម្ពុជាយើង។
Last Updated (ពុធ, 10 មីនា 2010 13:59)












