អគ្គីសភ័យបំផ្លាញ លំនៅដ្ឋានប្រជាពលរដ្ឋ និងកុដិក្នុងវត្ដនាគវ័ន
អគ្គីភ័យបំផ្លាញ លំនៅដ្ឋានប្រជាពលរដ្ឋ និងកុដិក្នុងវត្ដនាគវ័ន



អគ្គីភ័យមួយបានកើតឡើងនៅតាមបណ្ដោយផ្លូវរថភ្លើង ក្បែរវត្ដនាគវ័ន្ដ សង្កាត់បឹងកក់២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ០៧:០០ យប់ ថ្ងៃទី០៨ មិនា ឆ្នាំ២០១០។ អគ្គីសភ័យនេះបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ក្នុងទ្រង់ទ្រាយធំ ដែលសង់មិនរៀបរយនៅតាមបណ្ដោយ ផ្លូវរថភ្លើង ក្បែរ របងវត្ដនាគវ័ន្ដ ចេញពី ចំនុចទី១៤ រហូតរាលដាលទៅដល់ទិសខាងលិច និង កុដិដែលនៅក្នុងវត្ដនាគវ័ន្ដ ហើយអគ្គីសភ័យនេះដើម ចេញពីផ្ទះប្រជាពលរដ្ឋ ១គ្រួសារ រួចឆេះរាលដាលខ្លាំងឡើងៗ បណ្ដាលអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១៧៨ ខ្នងស្មើនិង២៥៥ គ្រួសារ កុដិលោកសង្ឃ១០ខ្នង លំនៅដ្ឋាននិស្សិត២១ខ្នង យោងតាមអាជ្ញាធរ មូលដ្ឋានអគ្គីភ័យបានបង្កអោយ ស្លាប់ទារកអាយុ៣ ខែម្នាក់ និង របួសភ្លៅស្រាលម្នាក់។ ដោយមានការអន្ដរាគមន៍ ពីក្រុមពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងមកពីក្រសួងមហាផ្ទៃ និងស្ថាប័ន កងរាជអាវុធហត្ថជាតិ អគ្គីភ័យនេះបានថត់ថយឥទ្ធិពលទៅវិញនៅម៉ោង ប្រមាណជាង១០យប់ថ្ងៃដដែល ។
លោកឧត្ដមសេនីយ៍ត្រី ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍អោយដឹងថា លំនៅដ្ឋាន និង កុដិព្រះសង្ឃ ត្រូវបានឆេះគ្មានសល់ ប៉ុន្ដែជាជំហ៊ានដំបូងសង្ស័យថាដោយសារភ្លើងធូប ឬបណ្ដាលមកពីចរន្ដអគ្គីសនី។ នៅពេលកើតហេតុ អាជ្ញាធរដែនដី និង មន្ដ្រីពាក់ព័ន្ធ ទាំងអស់បាន ធ្វើការទប់ស្កាត់យ៉ាងសកម្មដើម្បីកុំអោយភ្លើងនេះបន្ដការរាល ដាលបន្ថែមទៀត ដោយក្នុងនោះក្រុមពន្លត់ អគ្គីភ័យ ប្រើប្រាស់ទឹកអស់ប្រមាណជាង ៣០ឡាន។ សមត្ថកិច្ច បានអោយដឹងដែរថា ប្រតិបត្ដិការខាង លើ មានការពិបាក ក្នុងការពន្លត់ គឺបណ្ដាលមកពីតំបន់នេះជាតំបន់មានសំណង់មិនរៀបរយច្រើន ហើយមានផ្លូវតូចចង្អៀត។ លើសពីនេះ នៅក្នុងតំបន់កើតហេតុ មានភ្ទះប្រជាពលរដ្ឋ ជាប់គ្នរដឹក បណ្ដាលអោយភ្លើងឆាបឆេះលឿន ហើយបន្ដទៅឆេះដល់កុដជាច្រើននៅក្នុងវត្ដនាគវ័នផងដែរ។ អាជ្ញាធរ ដែនដីទាំងអស់សំណូមពរអោយ ប្រជាពលរដ្ឋទាំងអស់ប្រយ័ត្នប្រយែងចំពោះបញ្ហាអគ្គីភ័យនេះ ដោយ កើតឡើង ពីការធ្វេសប្រហ័សរបស់ខ្លួន។ សូមអោយប្រជាពលរដ្ឋទាំងអស់ចងចាំពាក្យស្លោកខ្មែរថា ស៊ូស្លាប់បា កុំអោយស្លាប់មេ លង់ទូកកណ្ដាលទន្លេរ កុំអោយតែភ្លើងឆេះផ្ទះ។
Last Updated (អង្គារ, 09 មីនា 2010 14:33)












