រដ្ឋសភាប្រជុំអនុម័តច្បាប់ប្រឆាំងអំពើពុករលួយសប្ដាហ៍ក្រោយ
រដ្ឋសភាប្រជុំអនុម័តច្បាប់ប្រឆាំងអំពើពុករលួយសប្ដាហ៍ក្រោយ
ទីបំផុតទៅច្បាប់ប្រឆាំងអំពើពុករលួយ ដែលគេទន្ទឹងរង់ចាំជាង១០ឆ្នាំមកហើយនោះ នឹងត្រូវរដ្ឋសភា ប្រជុំពិភាក្សា និងអនុម័តនៅថ្ងៃទី១០ខែមីនាឆ្នាំ២០១០។នេះបើយោងតាមសេចក្ដីស ម្រេចក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភាកាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១០ ។ ឯកឧត្ដម តំណាងរាស្ដ្រ ជាម យៀប សមាជិកគណៈកម្មាធិការ អចិន្ដ្រៃយ៍រដ្ឋសភាបាន មានប្រសាសន៍ថា សេចក្ដីសម្រេចនេះគឺស្របតាមសំណូមពរ របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដើម្បីសូមឱ្យរដ្ឋសភាបើកសម័យប្រជុំវិសាមញ្ញក្នុង ការពិភាក្សានិងអនុម័តលើសេចក្ដី ព្រាងច្បាប់ប្រឆាំងអំពើពុករលួយ ។ ដូច្នេះកិច្ចប្រជុំវិសាមញ្ញ រដ្ឋសភានឹងត្រូវប្រព្រឹត្ដិទៅនាថ្ងៃពុធ ទី១០មីនា សប្ដាហ៍ក្រោយ ។ ក្នុងសេចក្ដីថ្លែងហេតុស្ដី ពីសេចក្ដីព្រាងច្បាប់ប្រឆាំងអំពើពុក រលួយចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដាក់ទៅកាន់រដ្ឋសភាកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១០ បានបង្ហាញថា ច្បាប់ប្រឆាំងអំពើពុក រលួយនេះមានគោលដៅប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយតាមរយៈការចាត់វិធានការអប់រំ បង្ការទប់ស្កាត់ និងអនុវត្ដច្បាប់បង្ក្រាបបទ ល្មើសពុករលួយ ហើយដោយមានការចូលរួម និងគាំទ្រពីមហាជន និងកិច្ចសហប្រតិបត្ដិការ អន្ដរជាតិ ។
ច្បាប់នេះមានវិសាលភាពអនុវត្ដចំពោះអំពើពុករលួយគ្រប់រូបភាពគ្រប់វិស័យនិងគ្រប់ជាន់ថ្នាក់ នៅទូទាំងប្រទេសកម្ពុជា ដែលបានប្រព្រឹត្ដក្រោយពេលដែលច្បាប់នេះមានប្រសិទ្ធភាពអនុវត្ដ ។ ក៏ប៉ុន្ដែក្រោយសភាអនុម័ត ច្បាប់នេះនឹងត្រូវចូលជាធរមានក្នុងរយៈពេល១ឆ្នាំដោយទុកពេលផ្សព្វផ្សាយ ឱ្យទូលំទូលាយជាមុនសិន ។ ឯកឧត្ដមតំណាងរាស្ដ្រជាម យៀប បានបញ្ជាក់ថាការអនុម័តិលើ អត្ថបទសេចក្ដីព្រាងច្បាប់ប្រឆាំងអំពើពុករលួយនា ពេលខាងមុខនេះជាមោទនភាពរបស់ជាតិយើង និងជាស្នាដៃរបស់រដ្ឋាភិបាល និងរដ្ឋសភា ។ ច្បាប់ប្រឆាំងអំពើពុករលួយនេះក៏ជា ដាវអាជ្ញាសឹកមួយដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ ។ ច្បាប់នេះត្រូវបានរៀបចំទៅតាមគន្លង ប្រពៃណី និងទៅតាមសភាពការណ៍ជាក់ស្ដែងរបស់កម្ពុជា ។ ក្នុងនោះនៅគ្រប់អត្ថបទមាត្រាទាំង ឡាយក្នុងច្បាប់ប្រឆាំងអំពើពុករលួយ ក៏មានការរៀបចំទៅតាមនិយាមអន្ដរជាតិផងដែរ ។ សូមបញ្ជាក់ថាកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៩ កិច្ចប្រជុំគណៈរដ្ឋមន្ដ្រីក្រោមការ ដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីហ៊ុន សែន
បានអនុម័តលើសេចក្ដីព្រាងច្បាប់ ស្ដីពីការប្រឆាំងអំពើពុករលួយ ។ សេចក្ដីព្រាងច្បាប់ ប្រឆាំងអំពើពុករលួយមាន៩ជំពូក និង៥៧មាត្រាបានកំណត់ដាក់ទោសចំពោះអ្នក សូកនិងអ្នកស៊ីសំណូក ។ក្នុងខ្លឹមសារច្បាប់នោះក៏បានកំណត់ពីការផ្ដន្ទាទោស តាមច្បាប់ក្រមព្រហ្មទណ្ឌថ្មីដែលបានចូលជាធរមានហើយ ។ ក្នុងនោះការផ្ដន្ទាទោសដាក់ ពន្ធនាគារលើអ្នកប្រព្រឹត្ដអំពើពុករលួយចាប់ពី៧ថ្ងៃរហូតដល់១៥ឆ្នាំ ។ សេចក្ដីព្រាងច្បាប់ ប្រឆាំងអំពើពុករលួយនៅត្រង់ជំពូកទី២ក៏បានកំណត់ពីការ បង្កើតស្ថាប័នប្រឆាំងអំពើពុករលួយ គឺក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងបង្កើតអង្គភាពប្រឆាំងអំពើពុករលួយ ។ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយជាស្ថាប័នពិគ្រោះយោបល់ និងផ្ដល់អនុសាសន៍លើការងារ ប្រយុទ្ធប្រឆាំងអំពើពុករលួយដែលមានសមាជិក១១រូបអាយុយ៉ាងតិច៤៥ឆ្នាំ និងមានសញ្ញាបត្រចាប់ពីឧត្ដមសិក្សាឡើងទៅ ។ ចំណែកអង្គភាពប្រឆាំងអំពើពុករលួយវិញ មានភារកិច្ចអនុវត្ដច្បាប់អប់រំផ្សព្វផ្សាយរៀបចំផែនការដឹកនាំ ទប់ស្កាត់និងបង្ក្រាបអំពើពុករលួយ ។ ក្នុងសេចក្ដីព្រាងច្បាប់ប្រឆាំងអំពើពុករលួយដែលរដ្ឋាភិបាលដាក់ចូលទៅកាន់រដ្ឋសភា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១០ ហើយអ្នកកាសែត ទើបទទួលបាននៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១០ ក៏បានកំណត់ពីការប្រកាសទ្រព្យសម្បត្ដិ និងបំណុលត្រូវធ្វើឡើងចំពោះសមា
ជិកព្រឹទ្ធសភា រដ្ឋសភា និងសមាជិករដ្ឋាភិបាល មន្ដ្រីរាជការ ស៊ីវិល យោធា នគរបាល ចាប់ពីប្រធាននាយកដ្ឋានឡើងទៅ ។ ក្នុងនោះក៏មានចៅក្រម មេធាវី ក្រឡាបញ្ជី ព្រះរាជអាជ្ញា ព្រមទាំងថ្នាក់ដឹកនាំអង្គការ សង្គមស៊ីវិល ក៏ត្រូវប្រកាសទ្រព្យសម្បត្ដិផងដែរ ។
Last Updated (អង្គារ, 09 មីនា 2010 08:35)












