ឯកឧត្ដម អង្គ វង្សវឌ្ឍានា បើកវគ្គបណ្ដុះបណ្ដាលស្ដីពីក្រមព្រហ្មទណ្ឌ
ឯកឧត្ដម អង្គ វង្សវឌ្ឍានា បើកវគ្គបណ្ដុះបណ្ដាលស្ដីពីក្រមព្រហ្មទណ្ឌ
វគ្គបណ្ដុះបណ្ដាល ស្ដីពីក្រមព្រហ្មទណ្ឌសម្រាប់មន្ដ្រីរាជការក្រសួងយុត្ដិធម៌ មន្ដ្រីអនុវត្ដច្បាប់ អ្នកវិជ្ជាជីវៈច្បាប់ និងក្រឡា បញ្ជីមកពីរាជធានី-ខេត្ដ បានប្រារឰបើកនៅទីស្ដីការក្រសួង ដោយមានការចូលរួមពី ឯកឧត្ដម អង្គ វង្សវឌ្ឍានា រដ្ឋមន្ដ្រីក្រសួង យុត្ដិធម៌។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំដោយនាយកដ្ឋានស្រាវជ្រាវ និងបណ្ដុះបណ្ដាល នៃអគ្គនាយកដ្ឋានស្រាវជ្រាវ និង អភិវឌ្ឍន៍ លើវិស័យយុត្ដិធម៌ របស់ក្រសួងយុត្ដិធម៌ ដោយទទួលបានការឧបត្ថម្ភថវិកាតាមកម្មវិធី របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្ដម អង្គ វង្សវឌ្ឍានា មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណងជួយពង្រឹងបង្រីកសមត្ថភាពដល់ មន្ដ្រីអនុវត្ដច្បាប់ គឺសំដៅធ្វើឱ្យមន្ដ្រីច្បាប់ទាំងអស់មានសមត្ថភាពល្អប្រសើរជាងមុន និងឆ្លើយតបការអនុវត្ដឱ្យបានសម្រេចនូវ កម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌ដើម្បីធ្វើការអភិវឌ្ឍន៍ស្ថាប័នតុលាការឱ្យមានភាពរីកចំរើន ស្របទៅតាមយុទ្ធសាស្ដ្រ ចតុកោណ ដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្ដម អង្គ វង្សវឌ្ឍានា មានប្រសាសន៍ទៀតថា កន្លងមកក្រសួង យុត្ដិធម៌បានខិតខំកសាងច្បាប់ជាច្រើនមានជាអាទិ៍ដូច ក្រមនីតិវិធី ព្រហ្មទណ្ឌ ក្រមនីតិវិធីរដ្ឋប្បវេណី ក្រមរដ្ឋប្បវេណី និងច្បាប់ ស្ដីពីការប្រឆាំងនឹងភេរវកម្ម និងមានច្បាប់ផ្សេងៗទៀតជាច្រើន។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងយុត្ដិធម៌ បានស្នើ សុំឱ្យមានកិច្ចសហប្រតិបត្ដិការពីរដ្ឋាភិបាលសាធារណរដ្ឋបារាំង ដើម្បីរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពី ក្រមព្រហ្មទណ្ឌ ឡើង។
ក្រមព្រហ្មទណ្ឌនេះ ជាអត្ថបទច្បាប់ចំបងមួយក្នុងចំណោម សរសរស្ដម្ភទាំងបួន នៃនីតិរដ្ឋដែលទើបនឹងបានអនុម័តរួច រួមមាន៦៧២មាត្រា ចែកចេញជា៦គន្ធី ១២មាតិកា និង៥០ជំពូក ក្នុងគោលបំណងធានាការអនុវត្ដច្បាប់ឱ្យមានប្រសិទ្ធិភាពខ្ពស់ និងមានភាពរលូន។ ក្រមព្រហ្មទណ្ឌ ត្រូវបានតាក់តែងឡើងដោយគិតគូរពិចារណាទៅលើមូលដ្ឋានបីធំៗ គឺប្រពៃណីច្បាប់ ព្រហ្មទណ្ឌ កម្ពុជា បទបញ្ញត្ដិព្រហ្មទណ្ឌ ដែលមានស្រាប់ និងបរិបទថ្មីៗដែលកំពុងប្រឈម។
Last Updated (អង្គារ, 09 កុម្ភះ 2010 15:01)











